• ខ្មែរ
  • Eng

លោក អ៊ុយ សុធាវី បានជួបជាមួយកីឡាករ កីឡាកានីទាញព្រ័ត្រខេត្តបាត់ដំបង មុនចេញដំណើរទៅប្រកួតកីឡាទាញព្រ័ត ដណ្ដើមពានរង្វាន់ នៅអ៊ូសាចាយា KL ឆ្នាំ២០១៩ international championships នៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី


ព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តតំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានជួបជាមួយក្រុមកីឡាករ កីឡាការនី ក្លឹបកីឡាទាញព្រ័ត្រខេត្តបាត់ដំបង នៃសមាគមក្មេងវត្ត នៅសាលាខេត្តបាត់ដំបង ។

លោក នូវ រិទ្ធី ប្រធានសមាគមក្លឹបកីឡាទាញព្រ័ត្រខេត្តបាត់ដំបង បានឲ្យដឹងថា ៖ នេះជាលើកទី៣ ហើយ ដែលក្លឹបកីឡាទាញព្រ័ត្រខេត្តបាត់ដំបងបានទៅចូលរួម ប្រកួតកីឡាទាញព្រ័ត ដណ្ដើមពានរង្វាន់ នៅ អ៊ូសាចាយា KL ឆ្នាំ ២០១៩ international championships នៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីក្លឹបកីឡាខ្លាំងៗ តំណាងឱ្យប្រទេសនីមួយៗ នៅក្នុងតំបន់អាស៊ី ហើយការប្រកួតនេះជាលក្ខណៈក្របខណ្ឌអន្តរជាតិ ក្នុងក្របខណ្ឌអាស៊ី ។

លោក អ៊ុយ ធាវី អភិបាលរង នៃគណៈអភិបាលខេត្ត បានជូនពរ និងផ្តាំផ្ញើរដល់ក្រុមកីឡាករទាំងអស់ដែលបានទៅប្រកួតនៅប្រទេសម៉ាឡេស៊ី សូមរក្សានូវសុខភាពឲ្យបានល្អ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ រហូតដល់ចប់កម្មវិធី និងសូមទទួលបានជោគជ័យ ក្នុងការដណ្ដើម ដើម្បីដណ្ដើមពានរង្វាន់ជូនជាតិយើង និងឲ្យការធ្វើដំណើរបំពេញបេសកកម្មនេះប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យ។

សូមជម្រាបជូនថា ក្រុមកីឡាករ កីឡាការីនីកម្ពុជាខេត្តបាត់ដំបង នឹងត្រូវចេញដំណើរទៅចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃ(២៧ សីហា ២០១៩ នេះមានចំនួន ២៦ រូប ក្នុងនោះគណៈប្រតិភូដឹកនាំ ៦ រូប កីឡាករ ៩រូប កីឡាការិនី ៩រូប សរុប ១៨ រូប និងគ្រូបង្វឹក ២រូប ទៀត ជាក្រុមកីឡាស្ម័គ្រចិត្ត តែមានកំរិត ។

សូមបញ្ជាក់បន្ថែមថា កីឡាទាញព្រ័ត្រនេះដែរ គឺយកចេញពីល្បែងប្រជាប្រិយ ទាញព្រ័ត្ររបស់ខ្មែរយើងដែលបាន ចារិកនៅប្រាសាទអង្គរវត្ត និងបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ២ធ្នូ ឆ្នាំ ២០១៥ ហើយត្រូវបានពិភពលោកមាន ១០២ ប្រទេស បានយកល្បែងប្រជាប្រិយ៍នេះ មកធ្វើជាកីឡាប្រកួតប្រជែងមកដល់សព្វថ្ងៃនេះ ។ ការប្រកួតកីឡាទាញព្រ័ត្រនេះដែរ ក៏មានកតិកាច្បាស់លាស់ក្នុងក្របខណ្ឌកីឡា គឺមានការថ្លឹងទម្ងន់ (គីឡូ) ហើយនៅពេលប្រកួតក៏មានគ្រូបង្វឹកនៅអែប នឹងមានអាជ្ញាកណ្ដាលផងដែរ ។ កន្លងមកខេត្តបាត់ដំបងត្រូវបានសហព័ន្ធកីឡាទាញព្រ័ត្រ បានទៅចូលរួមប្រកួតចំនួន២ លើកកន្លងមកហើយនៅ ប្រទេសថៃ ហើយក៏បានទទួលចំណាត់ថ្នាក់លេខ ៣ មួយលើកនិងលេខ ៤ មួយលើកនៅ ខេត្តប៉ាតាយ៉ា និងខេត្តឈុនបូរី ប្រទេសថៃ ហើយក៏បានទទួលការកោតសរសើរពីសំណាក់កីឡាទាញព្រ័ត្រអាស៊ាន ប្រទេសថៃផងដែរ៕

Related Post