• ខ្មែរ
  • Eng

លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សាជាមួយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ដើម្បីសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងប្រទេសកូរ៉េ លើគម្រោងទាក់ទង និងធនធានទឹក

រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានទទួលពិភាក្សាជាមួយ លោក ប៊ីយ៉ុងកុក លី (Byung kook Lee ) ប្រធានគម្រោងបរិស្ថាន ទឹកសម្រាប់អាស៊ានកូរ៉េនៃវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ។

នៅក្នុងជំនួបពិភាក្សានេះ គឺដើម្បីស្វែងរកគម្រោងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តបាត់ដំបង និងវិទ្យាស្ថានស្រាវជ្រាវកូរ៉េសម្រាប់លំនៅដ្ឋានមនុស្សជាតិ លើគម្រោងទាក់ទងនឹងធនធានទឹក ជាពិសេសពិភាក្សាទៅលើការបញ្ជៀសទឹកភ្លៀងចេញពីក្រុងបាត់ដំបង នៅផ្នែកខាងលិចស្ទឹងសង្កែ ។

សូមជម្រាបជូនថា បច្ចុប្បន្នក្រុងបាត់ដំបង កំពុងប្រឈមនឹងបញ្ហាលិចទឹក ដោយសារទឹកភ្លៀង និងមានប្រព័ន្ធរំដោះទឹកមិនគ្រប់គ្រាន់ ជាពិសេសនៅតំបន់កណ្តាលក្រុងបាត់ដំបង ការរំដោះទឹកភ្លៀង និងទឹកស្អុយ គឺប្រើប្រាសប្រព័ន្ធរួមគ្នា រីឯតំន់ក្រៅពីកណ្តាលក្រុង មិនទាន់មានប្រព័ន្ធលូរំដោះទឹកភ្លៀងតាមបច្ចេកទេសទេ ដោយឡែកខាងកើតស្ទឹងសង្កែ ប្រព័ន្ធលូរំដោះទឹកកំពុងត្រូវបានសាងសង់ ដោយជំនួយហិរញ្ញាប្បទានរបស់ ADB ។

លោក សឿម ប៊ុនរិទ្ធិ ក៏បានសំណូមពរដល់ លោក ប៊ីយ៉ុងកុក លី (Byungkook Lee) ជួយពិនិត្យលទ្ធភាព និងផ្តល់ជំនួយក្នុងការសិក្សាប្លង់សម្រាប់ការគ្រប់គ្រង ការរំដោះទឹកភ្លៀង និងទឹកស្អុយក្នុងក្រុងបាត់ដំបងនៃផ្នែកខាងលិចស្ទឹងសង្កែ៕

Related Post