• ខ្មែរ
  • Eng

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់ពូជស្រូវជាង១៨តោនដល់ប្រជាកសិករ នៅស្រុកបាណន់

ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបានផ្តល់ស្រូវពូជផ្ការំដួលជាង ១៨ តោនកន្លះ ដល់ប្រជាកសិករ នៅឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការរួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ដែលបានផ្តល់ដោយ​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង នេសាទ​ វេង សាខុន​ ដើម្បីជូនប្រជាកសិករធ្វេីការដាំដុះ និងស្តារឡេីងវិញ ដែល​ទទួលរងការខូចខាត ដោយគ្រោះរាំងស្ងួតកន្លងមកប្រមាណជាង​៣០០ហិចតា​ ។

ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ ឯកឧត្តមអភិបាលខេត្តបានចូលរួមសម្តែងនូវការសោកស្តាយជាមួយបងប្អូនកសិករ ដែលទទួលរងការខូចខាតដំណាំស្រូវកន្លងមក ហើយឯកឧត្តមបានជម្រាបជូនពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលតែងតែបានគិតគូរជានិច្ច ចំពោះសុខទុក្ខនិងការបង្កបង្កើនផលរបស់ប្រជាកសិករកន្លងមក ដោយអាជ្ញាធរគ្រប់ថ្នាក់ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងក្រសួងធនធានទឹក និងឧតុនិយម បានយកចិត្តទុកដាក់កសាងអាងស្តុកទឹកជាច្រើនកន្លែង ដើម្បីបែងចែកទឹកជូនប្រជាកសិករប្រើប្រាស់នាពេលបច្ចុប្បន្ន និងពេលខាងមុខកាន់តែប្រសើរឡើង ។

នៅក្នុងនោះពូជស្រូវផ្ការំដួលចំនួន១៨តោនកន្លះ បានផ្តល់ជូនប្រជាកសិករចំនួន១៨៥គ្រួសារ​ ដោយមួយគ្រួសារ​ ទទួល​បាន​ស្រូវពូជ១០០គីឡូក្រាម​ ។

ឯកឧត្តម​ អភិបាល នៃគណៈអភិបាលខេត្តបានផ្តល់ប្រេងចំនួន​ ៥០០លីត្រ​បន្ថែមជូនដល់បងប្អូនកសិករ និង​អាជ្ញាធរឃុំបាយដំរាំ ដើម្បីធ្វេីការបូមទឹកសម្រាប់ស្រែដែលនៅឆ្ងាយពីប្រលាយ​ និងសម្រាប់ធ្វេីការស្តារ​ និង​កាយប្រលាយនាំមុខទឹកទៅកាន់ស្រែផងដែរ ។

ក្រៅពីនោះ មន្ទីរកសិកម្មបានផ្តល់ជូនឯកសារបច្ចេកទេសកសិកម្មមួយចំនួនដូចជា​ ៖ បច្ចេកទេស​ដំណាំ​ស្រូវ​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ,​ វិធី​សាស្ត្រ​ផលិត​កម្ម​ពូជ​ស្រូវ​ និង​ការបន្សុទ្ធពូជស្រូវ​,ប្រតិទិន​ និងកំណត់ត្រាចំណាយ-ចំណូល​លេីផលិតកម្មស្រូវពូធស្រូវចំណី​ ឯកសារ​បច្ចេកទេស​ដំណាំ​ក្រូច​ ក្រូច​ឆ្មារ​ ដំណាំស្វាយ​ និងបន្លែ​ ជូនដល់បងប្អូនកសិករថែមទៀត ។

Related Post