• ខ្មែរ
  • Eng

មតិស្វាគមន៍ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

ប្រិយមិត្តទាំងអស់ជាទីមេត្រី !

ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រិយមិត្តទាំងអស់ ដែលបាន និងកំពុងប្រើប្រាស់វេបផតថល នៃរដ្ឋបាលខេត្តបាត់ដំបង។
វេបផតថលនេះ ជាកន្លែងប្រមូលផ្តុំទិន្នន័យព័ត៌មានដ៏សម្បូរបែបទាក់ទងនឹង ព័ត៌មានអំពីនិតិវិធីនៃការផ្តល់សេវាសាធារណៈ បទដ្ឋានគតិយុត្តិ គោលដៅទេសចរណ៍ កក្តានុពលវិនិយោគ ផែនការយុទ្ធសាស្ត្រ និងសមិទ្ធផលនានាដែលសម្រេចបានក្នុងខេត្តបាត់ដំបង។

ជាមួយព័ត៌មានថ្មីៗ វេបផតថលរដ្ឋបាលខេត្តបាត់ដំបងនឹងផ្សព្វផ្សាយពីសកម្មភាពរបស់រដ្ឋបានខេត្តទាំងអស់ ព្រមទាំងព្រឹត្តិការណ៍នានា រួមទាំងចំណេះដឹងផ្សេងៗទាក់ទងនឹងការអភិវឌ្ឍខេត្ត។

វេបផតថលនេះក៏នឹងក្លាយជា កញ្ចក់របស់រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងពីការបម្រើជាតិមាតុភូមិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់នូវមតិយោបល់រិះគន់ និងព័ត៌មានទាំងឡាយរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ធ្វើយ៉ាងដើម្បីឱ្យរដ្ឋបាលខេត្តបាត់ដំបងបំពេញការងារកាន់តែល្អ និងទទួលបានការពេញចិត្តពីប្រជាជន។

ខ្ញុំសង្ឃឹមថា វេបផតថលរបស់រដ្ឋបាលខេត្តបាត់ដំបងនឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បី ១). ជាឧបករណ៍ទំនាក់ទំនងយ៉ាងទាន់ចិត្តរវាងរដ្ឋបាលខេត្ត ជាមួយប្រជាពលរដ្ឋ ធុរៈជន សង្គមស៊ីវីល សហគមន៍ប្រជាពលរដ្ឋ ។ល។ ២). ពង្រឹងសិទ្ធិនៃការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានប្រកបដោយគុណភាពអំពីនិតិវិធីនៃការផ្តល់សេវាសាធារណៈទាំងថ្នាក់ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ និង៣). ជាកន្លែងផ្តល់នូវព័ត៌មាន សេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្ត។

សូមអរគុណ!